"សប្បុរស​ជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា ឬ​សម្ភារៈដែល​មាន​តម្លៃ​​លើស​ពី​​ដប់​ម៉ឺន​ដុល្លារ​អាមេរិក (100,000 $) ​​ឡើង​ទៅ​​​ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនាជាតិ​ថ្នាក់​លេខ​១។ សប្បុរស​ជនដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​​​ជា​ថវិកា ឬ​សម្ភារៈដែល​មាន​តម្លៃ​លើស​​ពី​ហាសិប​ម៉ឺន​ដុល្លារ​អាមេរិក (500,000 $) ​​ឡើង​ទៅ​​​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស្នើ​សុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់នៃ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ដើម្បី​ទ្រង់​ព្រះរាជ​ទាន​គោរម្យងារជា «ឧកញ៉ា‍»”។ នេះបើយោងតាម ​អនុក្រឹត្យថ្មី ដែលចុះនៅ​ថ្ងៃ​ទី​​​២០ ខែ​មីនា ឆ្នាំ២០១៧​ដែល​រាជរដ្ឋាភិបាលកម្ពុជា បាន​​​​​​កែ​សម្រួលលើ​​ចំណុច​ទី​១ មាត្រា​២នៃ​អនុក្រឹត្យ​លេខ​១៥ ឆ្នាំ​១៩៩៤ ​​វិញ ​​ដោយ​មាត្រា​១​ថ្មី ។ 

ដូច្នេះ​មាន​ន័យ​ថាបច្ចុប្បន្ន​​​នេះ​ដើម្បី​​ទទួល​បាន​​​​​គោរម្យងារ​ជា​ "ឧកញ៉ា” ​គឺ​ទាល់​តែ​​​​បុគ្គល​រូប​នោះ​ធ្វើ​អំណោយ​ជូន​រដ្ឋ​មាន​តម្លៃ​លើស​ពី ៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ដែលខ្ពស់ជាងពីមុខ គុណនឹង៥។

ទោះជាយ៉ាងនេះក្ដី មតិប្រជាពលខ្លះមានការយល់ឃើញថា ងារជា ឧកញ៉ា មិនគួរគិតតែពីប្រាក់ដែលបរិកច្ចាគជូនរដ្ឋប៉ុណ្ណោះទេគួរ​តែពិចារណា​ពីបុគ្គលិកលក្ខណៈមួយចំនួន ដូចជា​ ជាបុគ្គល​ដ៏​គួរ​ឲ្យ​គោរពមាន​គុណធម៌ ​រក​ស៊ី​សុចរិត និង​ជួយ​កសាង​ជាតិ ជាដើម​។ចំណែក​បុគ្គល​ដែល​មាន​បាន​ដោយ​របរ​រក​ស៊ី​ទុច្ចរិត ហើយបរិច្ចាគ​ប្រាក់​ជូន​រដ្ឋ​ដើម្បី​ក្លាយ​ខ្លួន​​ជា​ឧកញ៉ា​នោះ​មិន​គួរ​រដ្ឋ​ប្រគល់​គោរមងារ​ជូន​ឡើយ​។

គួរជម្រាបជូនដែរថា កន្លងមក មានឧកញ៉ាខ្លះ ក៏ធ្លាប់ជាបុគ្គលដែលប្រព្រឹត្តិរបរមិនត្រឹមត្រូវ គេងប្រវ័ញ និងត្រូវបាន បញ្ចប់ងារជាឧកញ៉ា ឬត្រូវជាប់ចោទ ហើយប្រមុខរាជរដ្ឋាភិបាលក៏ធ្លាប់ឲ្យមន្រ្តីយោធា ស្ម័គ្រចិត្តបោះបង់ចោលងារជាឧកញ៉ា ផងដែរ៕